អ្នកគាំទ្របាល់ទាត់ជាច្រើននៅកម្ពុជា បានធ្វើការសើចចំអកឌឺដងទៅកាន់អ្នកគាំទ្ររបស់ Barcelona ក្រោយបែកធ្លាយវីដេអូរបស់ប្រធានក្លឹបលោក Joan Laporta អង្គុយជក់ស៊ីសាយ៉ាងសប្បាយរីករាយក្នុងភោជនីយដ្ឋាន។
វីដេអូដែលបានថតកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ 2024 កន្លងទៅ បានលេចឡើងសារជាថ្មីនៅលើបណ្តាញសង្គម ដោយអ្នកគាំទ្របានឃើញថាលោក Joan Laporta ទំនងជាកំពុងសប្បាយជាមួយជីវិតដ៏ហ៊ឺហា ខណះដែលគាត់កំពុងតែពិសារអាហារ ផឹកស្រាសាំប៉ាញ ក៏ដូចជាសាកនូវ hookah ម្នាស់ដែលជាប្រភេទស៊ីសាថ្លៃមួយ ក្នុងភោជនីយដ្ឋាននាទីក្រុង Baku ប្រទេស Azerbaijan (អាស៊ែបៃហ្សង់)។
នៅក្នុងវីដេអូនោះ លោក Laporta ថែមទាំងបាននិយាយយ៉ាងរំភើយទៀតថា នេះជាប្រភេទស៊ីសាល្អបំផុតក្នុងលោក ដោយគាត់ចូលចិត្តស៊ីសារបស់ឌូបៃ នឹងអាស៊ែបៃហ្សង់នេះជាខ្លាំង។ ភាពរីករាយរបស់លោក Joan Laporta បានធ្វើអោយអ្នកគាំទ្រក្រុម Barcelona ឈឺចិត្តជាខ្លាំង ព្រោះបើគិតមកទល់បច្ចុប្បន្ន Barcelona នៅតែជាក្លឹបមួយដែលកំពុងស្ថិតក្រោមវិបត្តិហិរញ្ញវត្ថមិនឈប់ឈរ ចាប់តាំងពីការរាតត្បាតជម្ងឺកូវីដ 19 មកម្ល៉េះ៕