ច្បាប់ពិសេសមួយរបស់ Chelsea ដែលធ្វើក្លិបមួយចំនួនមិនពេញចិត្ត ជាពិសេស Real Madrid

04-Jan-2025 1:24 PM

តោខៀវ Chelsea នៅតែបន្តប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់ពិសេសមួយ ពាក់ព័ន្ធនឹងឯកសណ្ឋានរបស់ខ្លួន ដែលបានធ្វើអោយក្រុមមួយចំនួនមានការខឹងសម្បាមិនពេញចិត្តជាខ្លាំង ដោយក្នុងនោះក៏មានវត្តមានរបស់ Real Madrid ដែរ។



ចាប់តាំងពីឆ្នាំ 1965 មកដល់ពេលនេះ Chelsea តែងតែប្រើប្រាស់ស្រោមជើងពណ៌សពេលលេងក្នុងដី​ ទាំងដែលឯកសណ្ឋានក្នុងដីរបស់ខ្លួនជាពណ៌ខៀវក៏ដោយ។ កាលដើមឡើយ Chelsea បានប្រើប្រាស់នូវស្រោមជើងខៀវលាយខ្មៅ ដែលស្រដៀងទៅនឹង logo របស់គេ ប៉ុន្តែក្រោមការដឹកនាំរបស់លោក Tommy Docherty ក្លឹបតោខៀវមួយនេះបានងាកមករកស្រោមជើងសវិញ រាល់ពេលដែលពួកគេលេងនៅក្នុងកីឡដ្ឋាន Stamford Bridge ដោយបានរាប់ថាពណ៌សនេះគឺជាអត្តសញ្ញាណមួយថ្មីរបស់ខ្លួន។ 



ជាលទ្ធផល ក្រុមដែលត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Chelsea នៅភាគខាងលិចនៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្រុមទាំងនោះត្រូវតែផ្លាស់ប្តូរស្រោមជើងរបស់ខ្លួន ដើម្បីជាការគោរព នឹងស្របតាមទំនៀមទម្លាប់ ទោះបីជាពួកគេទាំងនោះចង់រឺមិនចង់ក៏ដោយ។ ក្រុមមួយនៅក្នុងចំណោមក្រុមជាច្រើនដែលទទួលរងផលប៉ះពាល់ដោយសារច្បាប់មួយនេះ គឺក្រុមយក្សអេស្ប៉ាញ Real Madrid។ នៅពេលដែល Real Madrid ជួបជាមួយ Chelsea នៅក្នុងកីឡដ្ឋាន Stamford Bridge ម្ចាស់ពាន Champions League 15 សម័យតែងតែត្រូវបង្ខំចិត្តផ្លាស់ប្តូរពណ៌ស្រោមជើងទៅខៀវ ខ្មៅ រឺស្វាយ ហើយគេចអោយផុតពណ៌ស ទោះបីពណ៌សជាអត្តសញ្ញាណធំបំផុតរបស់ Real Madrid ក៏ដោយ៕