ក្លឹប Tottenham Hotspur បានធ្វើការអញ្ជើញតារារ៉េបអាមេរិក Lil Wayne ដើម្បីអោយចូលរួមជាភ្ញៀវកិត្តិយសសម្រាប់ការទស្សនាការប្រកួតផ្ទាល់មួយ បន្ទាប់ពីតារារ៉េបជើងចាស់រូបនេះបានទម្លាយថា Spurs គឺជាក្រុមដែលគាត់ស្រឡាញ់ជាងគេនៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស។
លោក Dwayne Michael Carter Jr ដែលមានឈ្មោះក្នុងពិភពសិល្បះថា Lil Wayne គឹជាស្តេចរ៉េបមួយរូបក្នុងវិស័យចម្រៀង hip-hop អាមេរិកជាច្រើនទស្សវត្សមកហើយ ហើយក៏ត្រូវបានចាត់ទុកជាបុគ្គលដែលមានឥទ្ធិពលមួយរូបក្នុងវិស័យចម្រៀងពិភពលោក។ នៅក្នុងការផ្សាយផ្ទាល់ក្នុងបណ្តាញសង្គម Instagram Lil Wayne បាននិយាយថា Tottenham គឺជាក្រុមដែលខ្លួនចូលចិត្តបំផុតស្របពេលដែលរូបគេកំពុងអង្គុយទស្សនាការប្រកួត Premier League មួយ។ Wayne ក៏បានបន្ថែមទៀតផងដែរថា " ខ្ញុំកំពុងតែនៅស្ទូឌីយូ ហើយទស្សនាការប្រកួត Premier League។ គ្រប់គ្នាដឹងហើយថា Tottenham គឺជាក្រុមសំណព្វចិត្តរបស់ខ្ញុំ។ ខ្ញុំមិនច្បាស់ថាគ្រប់គ្នាដឹងរឺទេ តែពួកគេ (Spurs) គឺជាក្រុមដែលខ្ញុំចូលចិត្តមួយ"។
ក្រោយឃើញវីដេអូនេះត្រូវបានចែកចាយពេញបណ្តាញសង្គមភ្លាម ក្រុមការងាររបស់ Spurs កីបានធ្វើការឆ្លើយតបទៅវិញភ្លាមៗនៅលើបណ្តាញសង្គម X រឺ Twitter ដោយបានសាកសួរថាពេលណាទើប Lil Wayne មានពេលមកទស្សនាការប្រកួតផ្ទាល់មួយ។ យ៉ាងណាក្តី គ្រប់គ្នានៅតែកំពុងរំពឹងមើលថាតើ Lil Wayne នឹងទទួលសំណើរមួយនេះដែររឺយ៉ាងណា ដោយក្រុមរបស់លោក Ange Postecoglu នឹងត្រូវជួបជាមួយក្រុមខ្លាំង Newcastle នៅថ្ងៃទី 1 ខែកញ្ញាខាងមុខនេះ៕