លោក Jose Mourinho បានចេញមកនិយាយជាសាធារណះគាត់បានរង់ចាំយូរពេករហូតលែងមានការអត់ធ្មត់ក្នុងខ្លួន ហើយចេញពីទីលានចោលសន្និសីទកាសែត ដោយថែមទាំងបន្ថែមថាលោក Okan Buruk គ្រូបង្វឹកក្រុម Galatasaray មិនបានផ្តល់ការគោរពចំពោះគាត់ទាល់តែសោះ។
Mourinho មានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីក្រុមរបស់គាត់បានចាញ់គូប្រជែង Galatasaray ក្នុងការប្រកួត Super Lig របស់ទួរគីកាលពីចុងសប្តាហ៍ ប៉ុន្តែមានការងឿងឆ្ងល់នៅពេលដែលអ្នកចាត់ការព័រទុយហ្កាល់រូបនេះមិនបានធ្វើសន្និសីទសារព័ត៌មានក្រោយការប្រកួតរបស់គាត់។ ពេលនេះនេះ អតីតគ្រូបង្វឹក Chelsea និង Manchester United រូបនេះបានបោះសម្តីបែបវាយប្រហារទៅលើអ្នកចាត់ការ Okan Buruk ដែលធ្វើអោយគាត់រង់ចាំ 70 នាទីដើម្បីឆ្លើយសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ។
មុនការប្រកួតរបស់ Fenerbahce ទល់នឹង Union Saint-Gilloise លោក Mourinho បានបន្ថែមទៀតថា នៅក្នុងអាជីពជាគ្រូបង្វឹកអស់រយះពេល 24 ឆ្នាំគាត់មិនដែលគេចវេសពីសន្និសីទកាសែតនោះឡើយ ហើយគាត់មិនមានអ្វីត្រូវខ្លាចសំណួររបស់អ្នកកាសែតទេ តែអ្វីៗសុទ្ធសឹងមានដែនកំណត់ ជាពិសេសគាត់បានចាំអស់រយះពេល 70 នាទីរួចទៅហើយមុនសម្រេចចាកចេញ។ គួររំលឹកផងដែរថា លោក Jose Mourinho នឹងទទួលការពិន័យជាសាច់ប្រាក់ដោយសារតែការមិនចូលរួមសន្និសីទកាសែតក្រោយចប់ការប្រកួតនៅចុងសប្តាហ៍មុន ហើយមិនមានការពិន័យអ្វីធ្ងន់ធ្ងរជាងនេះនោះឡើយ៕