កីឡដ្ឋាន San Siro ត្រូវបាន UEFA ដកសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួត Champions League ឆ្នាំ 2027

26-Sep-2024 6:07 PM

កីឡដ្ឋាន San Siro ដ៏ល្បីល្បាញបានបាត់បង់នូវសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ 2027 ទៅហើយ ខណៈដែលសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA សម្រេចចិត្តផ្លាស់ប្តូរទីកន្លែងថ្មីជំនួសវិញ។



កីឡដ្ឋានដែលធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ 2016  មួយនេះ គ្រោងនឹងទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រមួយទៀតនៅឆ្នាំ 2027 ប៉ុន្តែសារព័ត៌មាន ESPN រាយការណ៍ថា UEFA បានបើកដំណើរការដេញថ្លៃឡើងវិញ បន្ទាប់ពីការដកហូតសិទ្ធិធ្វើម្ចាស់ផ្ទះរបស់កីឡដ្ឋានលំដាប់កំពូលរបស់ប្រទេសអ៊ីតាលីមួយនេះ។



UEFA បានប្រកាស San Siro ជាកន្លែងទទួលភ្ញៀវឆ្នាំ 2027 ក្រោមលក្ខខណ្ឌដែលសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) បានដាក់សំណើរដើម្បីធ្វើការជួសជុលពហុកីឡដ្ឋានដ៏ល្បីមួយនេះក្នុងតម្លៃរាប់លានផោន។ ទោះជាយ៉ាងនេះក្តី ផែនការនេះនៅតែមិនប្រាកដប្រជា ខណះក្លឹបយក្សទាំងពីររួមមាន AC Milan និង Inter មានគម្រោងផ្លាស់ប្តូរទៅកន្លែងថ្មី។ ប្រសិនបើមូលនិធិមិនអាចរៀបចំសម្រាប់ការជួសជុលឡើងវិញបានទេនោះ San Siro អាចត្រូវបានកម្ទេចចោល ហើយនេះមានន័យថា ស្ថាប័នកំពូលរបស់បាល់ទាត់អឺរ៉ុបមានសិទ្ធិយ៉ាងត្រឹមត្រូវសម្រេចចិត្តផ្លាស់ប្តូរទីកន្លែងថ្មីមួយទៀត៕