ធ្ងន់ធ្ងរហើយ! ក្លឹបមួយទៀតនៅក្នុងលីគទីពីរថៃ ប្រកាសដកខ្លួនចេញក្រោយជំពាក់កីឡាករច្រើនពេក

04-Jan-2025 1:18 PM

ក្លិបបាល់ទាត់ Samutprakan City ត្រៀមនឹងប្រកាសពីការដកខ្លួនចេញពីលីគទីពីរថៃជាផ្លូវការសម្រាប់ការប្រកួតដែលនៅសល់ក្នុងជុំទីពីរ ដោយសារតែបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរជាយូរលង់។



ក្លិប Samutprakan City បានធ្លាក់ខ្លួនចូលរណ្តៅបំណុលហិរញ្ញវត្ថុអស់រយះពេលជាច្រើនខែមកហើយ ដោយពួកគេជំពាក់ប្រាក់ខែកីឡាករបរទេសចំនួនបីខែមកហើយ ខណះពេលដែលកីឡាករ បុគ្គលិក នឹងក្រុមការងារគ្រូបង្វឹកក្នុងស្រុកក៏បាននាំគ្នាចាកចេញបណ្តើរៗដូចគ្នា។ ដំណឹងនៃការដកខ្លួនចេញពីលីគទីពីរថៃ បានលេចធ្លាយក្នុងបណ្តាញសង្គម បន្ទាប់ពីខ្សែប្រយុទ្ធប្រេស៊ីល Diogo Rangel បានអោយដឹងនៅក្នុងគណនីផ្ទាល់ខ្លួនថា រូបគេពុំទាន់ទទួលនូវប្រាក់បៀវត្សចំនួន 3 ខែមកហើយ។ លើសពីនេះទៅទៀត គេគ្មានប្រាក់ទិញម្ហូបអាហារ គ្មានប្រាក់បង់ថ្លៃកន្លែងស្នាក់នៅ ហើយក៏គ្មានប្រាក់ទិញសំបុត្រយន្តហោះត្រឡប់ទៅស្រុកកំណើតរបស់គេវិញដូចគ្នា។



ក្លិប Samutprakan City ក៏កំពុងស្ថិតក្រោមការហាមឃាត់របស់ FIFA ជុំវិញការផ្ទេរកីឡាករដោយសារតែបំណុលរបស់ក្លិប។ ការចាកចេញរបស់ក្លិបមួយនេះ នឹងធ្វើអោយមានផលប៉ះពាល់មួយចំនួនដល់លីគថៃដូចជា​ ការកែសម្រួលកាលវិភាគប្រកួតឡើងវិញទាំងស្រុង ហើយការប្រកួតទាំងឡាយនៅជើងទីមួយរបស់ Samutprakan City នឹងចាត់ទុកជាមោឃះ៕