គ្រូក្រុម Caen ត្រូវបានគេបណ្តេញចេញ តែ Mbappe នឹងគ្រួសារជាអ្នករងថ្មបាក់ជំនួសទៅវិញ

04-Jan-2025 1:19 PM

ខ្សែប្រយុទ្ធក្រុម Real Madrid កីឡាករ Kylian Mbappe បានក្លាយជាប្រធានបទនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រក្រុម Caen បន្ទាប់ពីការបណ្តេញចេញនូវគ្រូបង្វឹកលោក Nicolas Suebe។



កាលពីថ្ងៃទី 31 ខែកក្កដា Mbappe បានបញ្ចេញនូវដំណឹងដ៏ភ្ញាក់ផ្អើលមួយអំពីការទិញយកភាគហ៊ុនក្លិប Caen ភ្លាមៗក្រោយចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃខ្លួន។ ក្រុមហ៊ុន Interconnected Ventures របស់ Mbappe បានទិញយកភាគហ៊ុនស្ទើរតែទាំងស្រុងពីអតីតម្ចាស់ក្លឹប Caen ហើយ Mbappe ទំនងជាបានជះលុយប្រមាណ 15 លានអឺរ៉ូនៃលុយផ្ទាល់ខ្លួនរបស់គេ។



យ៉ាងណាក្តី ការមកដល់របស់ Kylian Mbappe មិនបានផ្តល់នូវលទ្ធផលល្អសម្រាប់ក្រុម Caen នោះឡើយ ដោយបច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី​​ 16 នៃលីគទីពីរបារាំងសម្រាប់រដូវកាល 2024-2025។ ការធ្លាក់ទម្រង់លេងបែបនេះ បានធ្វើអោយថ្នាក់ដឹកនាំក្លឹបសម្រេចបណ្តេញលោក Nicolas Suebe ដែលចូលរួមជាមួយ Caen ក្នុងនាមជាជំនួយការគ្រូបង្វឹកឈុត U19 តាំងពីឆ្នាំ 2018 មកម្ល៉េះ។ ការរីះគន់ជាច្រើនបានកើតចេញពីអ្នកគាំទ្រ​ ក៏័ដូចជាលោក Brahim Thiam ដែលធ្លាប់លេងអោយក្លិបកំឡុងឆ្នាំ​​ 2005 រហូតដល់ឆ្នាំ 2009 ដោយបានលើកឡើងថា ការបណ្តេញគាត់ចេញនៅពាក់កណ្តាលរដូវកាលបែបនេះ គឺជាការមិនផ្តល់តម្លៃទៅលើលោក Suebe ទាល់តែសោះ៕